ថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៥:២៨
ខេត្តកំពង់ស្ពឺ ៖ អនុរក្សពន្ធនាគារបានបញ្ជូនស្ត្រីជាប់ពិរុទ្ធពីបទប្រើប្រាស់ និងចែកចាយគ្រឿងញៀនម្នាក់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីស្ត្រីរូបនោះមានបញ្ហាសុខភាពធ្ងន់ធ្ងរ ។
ការបញ្ជូនទៅសង្គ្រោះនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ កុម្ភៈ ចេញពីពន្ធនាគារខេត្តស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ថិតក្នុងសង្កាត់រកាធំ ក្រុងច្បារមន ។
មន្ត្រីអនុរក្សពន្ធនាគារមួយរូបបានឱ្យដឹងថា បន្ទាប់ពីស្ត្រីជាប់ពិរុទ្ធមានអាការផ្នែកសុខភាពធ្ងន់ធ្ងររួចមក នាយកពន្ធនាគារបានចាត់ឱ្យបញ្ជូនស្ត្រីរូបនេះទៅសង្គ្រោះ ។ មន្ត្រីដដែលបន្តថា ក្រោយពេលទៅដល់មន្ទីរពេទ្យអការរបស់ស្ត្រីជាប់ពិរុទ្ធនោះបានធូរស្បើយហើយ ក្រោយពីមានការយកចិត្តទុកដាក់ជួយសង្គ្រោះខ្ពស់ពីក្រុមគ្រូពេទ្យខេត្តរួចមក។
ស្ត្រីដែលត្រូវបានបញ្ជូនមកសង្គ្រោះមានឈ្មោះស៊ិន ស្រីលិន អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅក្រុងបានលុង ខេត្តរតនគិរី ។ បើតាមក្រុមគ្រូពេទ្យខេត្តបានឱ្យដឹងថា ស្ត្រីដែលខាងពន្ធនាគារបញ្ជូនមកសង្គ្រោះនេះមានជំងឺបេះដូង ពេលនេះគ្រូពេទ្យបានបញ្ចូលខ្យល់អុកស៊ីសែនជំនួយ និងតាមដានចង្វាក់បេះដូងជាប់ជាប្រចាំ ហើយបើសិនមិនបានធូរស្បើយ ឬធ្ងន់ធ្ងរជាងនេះខាងមន្ទីរពេទ្យនឹងសុំគោលការណ៍ថ្នាក់លើបញ្ជូណទៅកាន់មន្ទីរពេទ្យកាល់ម៉ែតបន្ត។
គួរបញ្ជាក់ថា ស្ត្រីដែលជាប់ពិរុទ្ធពីបទប្រើប្រាស់គ្រឿងញៀននេះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីថ្ងៃទី២៧ មករា ២០១៥ នៅផ្ទះជួលក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន៕


0 comments:
Post a Comment