Saturday, February 7, 2015

ដងទន្លេមេគង្គៈ ការប្រឈម & និរន្តរភាព

ប្រភពមកពី KHMER NEWS

ទូកនេសាទ​នៅលើ​ដង​ទន្លេមេគង្គ​មុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែ​សីហា​ឆ្នាំ​មុន។
ទូកនេសាទ​នៅលើ​ដង​ទន្លេមេគង្គ​មុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ខែ​សីហា​ឆ្នាំ​មុន។ រូបថត AFP

កាលពី​ជាង ៤ ទសវត្សរ៍​មុន ក្នុង​នាម​ជា​អនុនាវីឯក នៅក្នុង​កងម៉ារីន​មួយ​ដែល​មាន​ឈ្មោះ​ថា “brown-water Navy” ក្រុម​របស់​ខ្ញុំ ហើយ​និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ តាម​ទន្លេមេគង្គ នៅលើ​ទូក​យោធា​មួយ​របស់​អាមេរិក​។​ទោះបី​ជា​នៅ​ជុំវិញ​យើង​មាន​សុទ្ធតែ​ទឹកក្តី តែ​យើង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​សម្ផស្ស និង​អំណាច​នៃ​ទឹកទន្លេ គោ ក្របី អាហារ​និង​សមុទ្រ ដែល​យើង​បាន​ដូរ​គ្នា​ជាមួយ​អ្នក នេសាទ​នៅ​នឹង​ទន្លេ​នេះ និង​ព្រៃ​លិច​ទឹក​នៅ​សងខាង​ទន្លេមេគង្គ និង​ឆក​។
កាល​ដើមឡើយ ផ្លូវទឹក​ទាំងនេះ​ដែល​គេ​ធ្វើ​សង្គ្រាម​លើ បាន​ក្លាយ​ជា​ផ្លូវទឹក​នៃ​សន្តិភាព និង​ពាណិជ្ជកម្ម សហរដ្ឋអាមេរិក និង​ប្រទេស​វៀតណាម ស្ថិត​នៅក្នុង សតវត្សរ៍​ទី ២០ នៃ​ទំនាក់ទំនង ដែល​មាន​ភាព​ដុះដាល​ធំ​ឡើង​ក្រោយ​ពី​សង្គ្រាម។
សព្វថ្ងៃ​នេះ ទន្លេមេគង្គ​ប្រឈម​នឹង​គ្រោះថ្នាក់​ថ្មី ហើយ​ខុស​ពី​មុន គឺ​គ្រោះថ្នាក់​ដែល​គំរាមកំហែង​ដល់​មុខរបរ​សម្រាប់​ជីវភាព​រស់នៅ​របស់​មនុស្ស រាប់សិប​លាន​នាក់ ហើយ​ជា​និមិត្តរូប​នៃ​ហានិភ័យ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ចំពោះ​ផែនដី ទាំងមូល​។ នោះ​មាន​ន័យ​ថា​ជា​ការ​អភិវឌ្ឍ និង​កំណើន​លូតលាស់ ដែល​មិន​ធានា​និរន្តរភាព​យូរ​អង្វែង​។
ពី​លើ​ដំបូល​ទូក​របស់​យើង​នៅ​ឆ្នាំ ១៩៦៨ ដល់​១៩៦៩ យើង​អាច​មើល​ឃើញ​ថា​ដី​ដែល​មាន​ជីជាតិ​នៅ​តាម​ទន្លេមេគង្គ ថា​ជា​កត្តា​សំខាន់​ចំពោះ​ការ​រស់នៅ និង​សេដ្ឋកិច្ច​របស់​សហគមន៍​នៅ​តាម​ដងទន្លេ​។
ក្នុង​ដំណើរ​ទស្សនកិច្ច​ជាច្រើន​លើក​របស់​ខ្ញុំ​ទៅ​កាន់​តំបន់​នេះ​ចាប់​តាំងពី​ពេល​នោះ​មក​ក្នុង​នោះ​មាន​ជា​សមាជិក​ព្រឹទ្ធសភា និង​ជា​រដ្ឋមន្ត្រី​ការបរទេស ខ្ញុំ​បាន​ឃ្លាំមើល​អាមេរិក និង​ប្រទេស​នានា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​សហការ​គ្នា​ជំរុញ​ការ​អភិវឌ្ឍ​តាម​មធ្យោបាយ​មួយ ដែល​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក និង​រក្សា​និរន្តរភាព​បរិស្ថាន​។
ទោះបី​ជា​មាន​ការ​ខិតខំ​ទាំង​នេះ​ក្តី តែ​ទន្លេ​មេគង្គ​នៅ​តែ​ស្ថិត​នៅក្រោម​ការ​គំរាមកំហែង​ដដែល​។ នៅ​តាម​បណ្តោយ​ទន្លេ​នេះ ដែល​មាន​ប្រវែង ២៧០០ ម៉ៃល៍ តម្រូវការ​កាន់តែ​ច្រើន​ឡើង​នៃ​ថាមពល ស្បៀង និង​ទឹក​កំពុង តែ​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​វា និង​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជាជន​ចំនួន ២៤០ លាន​នាក់​។ ការ​អភិវឌ្ឍ​ដែល​មិន​ធានា​និរន្តរភាព និង​ល្បឿន​យ៉ាង​លឿន​នៃ​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​កំពុង​តែ​បំផ្លាញ តម្រូវការ​ស្បៀង និង​ទឹក​របស់​មនុស្ស​រាប់​លាន​នាក់ ដែល​ពឹង​អាស្រ័យ​លើ​ទន្លេ​នេះ​។
តើ​អ្វី​សំខាន់​? នៅ​កម្ពុជា ទន្លេមេគង្គ​ទ្រទ្រង់​ជីវសាស្ត្រ​ចម្រុះ​ដ៏សម្បូរបែប​នៃ​តំបន់​ទំនាប ដែល​ផ្តល់​ប្រូតេអ៊ីន​ចំនួន ៦០​ភាគរយ​នៅ​កម្ពុជា​។ នៅ​វៀតណាម ទន្លេ​នេះ​ជួយ​ស្រោចស្រព “​តំបន់​ជង្រុក​ស្រូវ​” ដែល​ចិញ្ចឹម​សេដ្ឋកិច្ច​ដែល​កំពុង​មាន​ការ​លូតលាស់​យ៉ាង​ចាប់​រហ័ស​។ នៅក្នុង​តំបន់​ទាំង​មូល ទន្លេមេគង្គ​គឺជា​សរសៃ​ឈាម​យ៉ាង​សំខាន់​សម្រាប់​ការ​ដឹកជញ្ជូន កសិផល​កសិកម្ម ក៏ដូចជា​សម្រាប់​ការ​បង្កើត​ភ្លើង​អគ្គិសនី​។
ទន្លេមេគង្គ​ប្រៀប​បាន​នឹង​តំបន់​អាម៉ាហ្សូន​ចំពោះ​ជីវសាស្ត្រ​ចម្រុះ​។ ត្រីរាជ និង​ផ្សោត​ទឹកសាប​គឺជា​សត្វ​ដែល​មាន​តែ​នៅ​តំបន់​នេះ​ទេ ហើយ​អ្នក​វិទ្យាសាស្ត្រ​កំពុង​រកឃើញ​ពូជ​សត្វ និង​រុក្ខជាតិ​ថ្មីៗ នៅ​តំបន់​ដីសណ្ត​។ ពូជសត្វ និង​រុក្ខជាតិ​ដែល​ទើប​តែ​រកឃើញ​ក្នុង​ពេល​ថ្មីៗ​ខ្លះ នៅ​ថ្ងៃ​ណា​មួយ​អាច​ឲ្យ​គេ​យក​ទៅ​ធ្វើ​ជា​ឱសថ​សម្រាប់​សង្គ្រោះ​ជីវិត​បាន​។
គេ​មើល​ឃើញ​បញ្ហា​ប្រឈម​ច្បាស់​។ តំបន់​ទន្លេមេគង្គ​ទាំងមូល​ត្រូវ​តែ​អនុវត្ត​យុទ្ធសាស្ត្រ​ដ៏ទូលំទូលាយ​មួយ ដើម្បី​ធ្វើ យ៉ាងណា​ឲ្យ​កំណើន​លូតលាស់​នៅពេល​អនាគត​មិន​ប៉ះពាល់​ដល់​ខ្យល់ ស្អាត ទឹកស្អាត ប្រព័ន្ធ​អេកូឡូស៊ី​ល្អ​។ ការ​សម្រេច​បាន​ភារកិច្ច​ដ៏សំខាន់​នេះ​នឹង​បង្ហាញ​ពិភពលោក​ឲ្យ​ឃើញ​នូវ​អ្វី​ដែល អាច​សម្រេច​បាន​។
ជោគវាសនា​នៃ​តំបន់​នេះ​ក៏​មាន​ផល​ផង​ដែរ​ទៅលើ ការ​រស់នៅ​របស់​ប្រជាជន​ដែល​នៅ​ឆ្ងាយ​ពី​តំបន់​នេះ​។ ឧទាហរណ៍ ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ជាមួយ​តំបន់​មេគង្គ​បាន​កើនឡើង​ចំនួន ៤០​ភាគរយ ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៤។ និន្នាការ​នេះ​មាន​ន័យ​ថា មាន​កំណើន​ការងារ​ធ្វើ​សម្រាប់​ជនជាតិ​អាមេរិក ហើយ​និង​កំណើន​សេដ្ឋកិច្ច​ជា​បន្ត សម្រាប់​ប្រទេស​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​។
ការ​ដោះស្រាយ​បញ្ហា ប្រឈម​នេះ​បាន​ទាមទារ​ឲ្យ​យើង​ខិតខំ​ធ្វើការ​ជាមួយ​នឹង​បណ្តា​ប្រទេស​ទាំងនេះ ដើម្បី​ដោះស្រាយ​សេចក្តី​ត្រូវការ​ពិតប្រាកដ​លើ​ការ​អភិវឌ្ឍ ក្នុង​ពេល​យើង​ធ្វើការ​ដើម្បី​ធ្វើឲ្យ​មាន​និរន្តរភាព​បរិស្ថាន​។ ការណ៍​នេះ​វា​ទាមទារ​ឲ្យ​មាន​ទិន្នន័យ​ត្រឹមត្រូវ​សម្រាប់​ធ្វើ​ការ​វិភាគ​និង​ធ្វើ​ផែនការ​ឲ្យ​បាន​ត្រឹមត្រូវ ការ​វិនិយោគ​ដោយ​ភាព​ឆ្លាតវៃ មេដឹកនាំ​រឹងមាំ និង​ស្ថាប័ន​ដែល​ធ្វើការ​បាន​ល្អ ដើម្បី​គ្រប់គ្រង​ធនធាន​ដ៏សម្បូរ​នៃ​តំបន់​ទន្លេមេគង្គ ដើម្បី​ប្រយោជន៍​ទាំងអស់​គ្នា​នៅក្នុង​តំបន់​នេះ​។
ដើម្បី​សម្រេច បំណង​នេះ យើង​ចូលរួម​ជាមួយ​ប្រទេស​កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម ដើម្បី​ផ្តើម​គម្រោង​ស្តីពី​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម​។ បំណង​នៃ​គំរោង​នេះ​គឺ​ដើម្បី​បង្កើត​ចក្ខុវិស័យ​រួម​មួយ​នៃ​ការ​ធ្វើឲ្យ​មាន កំណើន​លូតលាស់ និង​ឱកាស​ដែល​ទទួលស្គាល់​តួនាទី​នៃ​ទន្លេមេគង្គ ជា​ក្បាលម៉ាស៊ីន សេដ្ឋកិច្ច និង​គោរព​ចំពោះ​ចំណែក​នៃ​ទន្លេ​នេះ​នៅក្នុង​ផ្នែក​បរិស្ថាន​។
ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​សប្តាហ៍​នេះ (​ថ្ងៃ​ទី ២ និង​ទី​៣ ខែ​កុម្ភៈ​) សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​ឡាវ បាន​រួម​គ្នា រៀបចំ​កិច្ចប្រជុំ ដ៏​ធំ​មួយ​នៃ​មន្ត្រី​ជាន់​ខ្ពស់​មកពី​ប្រទេស​ទាំង ៥ នៅ​តំបន់​មេគង្គ​ក្រោម សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប នៅ​ប៉ាកសេ នៃ​ប្រទេស​ឡាវ ដែល ជា​កន្លែង​ប្រសព្វ​គ្នា​នៃ​ទន្លេមេគង្គ និង​ទន្លេ Xe Don ។ មន្ត្រី​ទាំងនោះ​ត្រូវ​បាន​ចូលរួម​ជាមួយ​ដោយ​តំណាង​មកពី​វិស័យ​ឯកជន និង​ស្ថាប័ន​ផ្តល់​អំណោយ ដូចជា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដើម្បី​ពិភាក្សា​លើ​ផែនការ​សម្រាប់​ធានា​អនាគត​ដែល​ប្រកប​ដោយ​និរន្តរភាព​។
នៅក្នុង​កិច្ចប្រជុំ​នោះ យើង​ផ្តើម​គម្រោង​ស្តីពី​គំនិត​ផ្តួចផ្តើម​ស្តីពី​ថាមពល​នៅ​តំបន់ ទន្លេមេគង្គ​ដែល​មាន​និរន្តរភាព​។ នេះ​គឺជា​ផែនការ​មួយ​ដែល​លើក​ទឹកចិត្ត ឲ្យ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ឲ្យ​អភិវឌ្ឍ​កម្មវិធី​ដែល​បង្វែរ ការ​វិនិយោគ​របស់​គេ​ទៅ​រក​របៀប​ថ្មីៗ​នៃ​ការ​បង្កើត​ថាមពល​ដែល​គេ​អាច​កែច្នៃ យក​មក ប្រើ​ឡើង​វិញ​បាន និង​ធនធាន​ដទៃ​ទៀត ដែល​មិន​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន​។
នេះ​មិនមែន​ជា​រឿង​នៃ​ការ​បញ្ជា​ឲ្យ​ដើរ​តាម​ផ្លូវ​នៃ​ការ​អភិវឌ្ឍ​ណា​មួយ នៅក្នុង​ប្រទេស​ទាំង​នេះ​ទេ​។ ផ្ទុយ​ទៅវិញ វា​ជា​រឿង​ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ទៀត​ត្រូវ​ធ្វើការ​ជាមួយ​នឹង​ប្រទេស​ជា​ដៃគូ​របស់​យើង ដើម្បី​បង្កើត​គោលការណ៍​ណែនាំ​ស្តីពី​ការ​អភិវឌ្ឍ និង​ការ​វិនិយោគ​ដែល​មាន​លក្ខណៈ​ស៊ី​គ្នា ដើម្បី​ធានា​ឲ្យ​មាន​ដំណើរ​ល្អ​ទៅ​មុខ​នៃ​សេដ្ឋកិច្ច និង​បរិស្ថាន​យូរអង្វែង នៅ​តាម​តំបន់​ទន្លេ​ដ៏​មាន​សារប្រយោជន៍​នេះ​។
ភាព​ជា​ដៃគូ​នេះ​គឺជា​ផ្នែក​សំខាន់​ចាំបាច់​នៃ​ការ​ខិតខំ​រួម​របស់​លោក​ប្រធានាធិបតី Obama និង​រដ្ឋបាល​ទាំង​មូល​របស់​លោក នៅក្នុង​ការ​ជួយ​ដល់​ប្រជាជន នៅក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​ជា​សញ្ញា​ថែម​ទៀត​នៃ​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ដើម្បី​ជួយ​ដល់​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដែល​ទើប​រះ​ឡើង និង​ដែល​មាន​សេដ្ឋកិច្ច​រស់រវើក​។
សម្រាប់​ជនជាតិ​អាមេរិក និង​ប្រជាជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​ជំនាន់​របស់​ខ្ញុំ កន្លងមក​ទន្លេមេគង្គ​គឺជា​និមិត្តរូប​នៃ​សង្គ្រាម​។ តែ​ថ្ងៃ​នេះ វា​ជា​និមិត្តរូប​នៃ​ការ​លូតលាស់​ប្រក​ដោយ​និរន្តរភាព និង​ការ​គ្រប់គ្រង​ល្អ​៕ PB
Share:

0 comments:

Post a Comment

Blog Archive

Blogger templates