Wednesday, February 11, 2015

ជន​សង្ស័យ​២នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​ពី​បទ​ឆបោក

ប្រភពមកពី​ កោះសន្តិភាព
ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រា​ហ្ម​ទណ្ឌ​កំរិត​ធ្ងន់នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ឃាត់ខ្លួន​ពី​បទ​ឆបោក​ប្រាក់ ​​កាលពី​វេលា​ម៉ោង​៤​រសៀល ​ថ្ងៃទី​១០ ​កុម្ភៈ ​២០១៥ នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។
បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​​មានឈ្មោះ​ស៊ុន ធី​ចំណាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះ​ពេញ សុ​ធឿ​ន អាយុ១៩​ឆ្នាំ ។ ទាំង​ពីរ​នាក់​មានមុខ​របរ​មិន​ពិតប្រាកដ និង​មាន​ទីលំនៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់ ប៉ុន្តែ​បាន​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពុងត្របែក ខេត្តព្រៃវែង ។ រីឯ​ជន​រង​គ្រោះ​មានឈ្មោះ ម៉ុ​ត វ​ណ្ណា​ន ភេទ​ប្រុស អាយុ៣៥​ឆ្នាំ មុខរបរ​លក់​គ្រឿង​សូ​ឡា និង​មាន​ទី​លំនៅ​នៅរាជធានី​ភ្នំពេញ ។
ប្រភព​បន្ត​ទៀត​ថា ​ដំបូង​ឡើយ​ជន​រង​គ្រោះ និង​ជនសង្ស័យ​មានការ​រកស៊ី​ទិញ​លក់​សូ​ឡា​ជាមួយ​គ្នា​នេះ​តាំងពី​ខែវិច្ឆិកា​មក​ម្ល៉េះ ដោយ​ជនសង្ស័យ​បាន​យក​សូ​ឡា​ពី​ជន​រង​គ្រោះជា​បន្តបន្ទាប់​ ដោយ​មិន​បង្វិលប្រាក់​ឱ្យ​ឡើយ តែ​បាន​សន្យា​ថា​នឹង​ប្រគល់​ប្រាក់​ទាំងអស់​នៅ​ថ្ងៃ​ទី​១ ​កុម្ភៈ ​​២០១៥ ។ លុះ​មក​ដល់​ថ្ងៃ​កំណត់​មិនឃើញ​ជន​ទាំង​ពីរ​ប្រគល់​ប្រាក់​តាម​ការ​សន្យា ជន​រង​គ្រោះ​ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​ពួក​គេ ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន ទើបតែ​ថ្ងៃ​ទី​៧ ​កុម្ភៈ ​២០១៥ ទើប​អាច​ទាក់ទង​បាន ។
នៅ​ពេល​ជន​រង​គ្រោះ​សួរនាំ​ពី​ប្រាក់​ដែល​ត្រូវ​សង ជន​ទាំង​ពីរ​ក៏​បាន​ប្រាប់​មក​វិញ​ថា បើ​ចង់បាន​ប្រាប់​ទាល់តែយក​សូ​ឡា​មក​ឱ្យ​បន្ថែម ដោយ​ឱ្យ​ជន​រង​គ្រោះ​យក​មក​ប្រគល់​ឱ្យ​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​ទៅ​វិញ ។ ដោយ​មានការ​សង្ស័យ និង​ខ្លាច​ខាតបង់​កាន់តែ​ច្រើន​នោះ ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ឱ្យ​ជួយ​ធ្វើការ​តាម​រក​ជនសង្ស័យ​ទាំង​ពីរ​តែ​ម្តង​ទៅ ។
ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​សមត្ថកិច្ច​ក៏​បានឱ្យ​ជន​រង​គ្រោះ​ធ្វើការ​ទាក់ទង​ទៅ​កាន់​ជន​ទាំង​ពីរ ដើម្បី​បញ្ជោត​ថា​បាន​យក​សូ​ឡា​ថ្មី​មក​ប្រគល់​ឱ្យ​ហើយ តែ​ដោយសារ​ជួល​រថយន្តឈ្នួល​មក​ទើប​មិន​អាច​យក​ទៅ​ប្រគល់​ឱ្យ​ដល់​កន្លែង​ណាត់ ដោយ​តំរូវ​ឱ្យ​ជន​ទាំង​ពីរ​ឡើង​មក​យក​នៅ​ភូមិ​ធ្លក ឃុំ​ក្រោល​គោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​វិញ ។ ដោយ​មិនដឹង​ថា​នេះ​ជា​ការ​បោក​បញ្ជោត​ពី​សំណាក់​សមត្ថកិច្ច ទើប​ជន​ទាំង​ពីរ​បាន​បើករថយន្ត​កាមរី​​ឆ្លាម ពាក់​ស្លាក​លេខ​ភ្នំពេញ 2J 1249 មក​ទទួល​របស់​ទៅ​តាម​ការ​ណាត់​ចុង​ក្រោយ ហើយ​ក៏​ជាប់អន្ទាក់សមត្ថកិច្ច​តែង​ម្តង​។
បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​ សមត្ថកិច្ច​កំពុង​ធ្វើ​ការសាកសួរ ៕ ​
Share:

0 comments:

Post a Comment

Blog Archive

Blogger templates