
\ក្រសួងអប់រំបានចេញសារាចរណែនាំមួយឲ្យគ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ត្រូវគោរពច្បាប់អនុញ្ញាតជាមុនសិន មុននឹងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មសិក្សា និងការជ្រើសរើសនិស្សិតឲ្យចូលរៀននៅក្នុងគ្រឹះស្ថានរបស់ខ្លួន។
សារាចរណែនាំចុះថ្ងៃទី៣០ខែមករា ឆ្នាំ២០១៥ ដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ឲ្យដឹងថាការចេញលិខិតនេះ គឺដើម្បីពង្រឹងអភិបាលកិច្ចក្នុងការគ្រប់គ្រងគ្រឹះស្ថានទាំងអស់ឲ្យមានប្រសិទ្ធភាព។ ក្រសួងអប់រំក៏បានណែនាំដល់គ្រឹះស្ថានឧត្ដមសិក្សាទាំងអស់ មិនឲ្យធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មសិក្សា និងការជ្រើសរើសនិស្សិតឲ្យចូលរៀនបានឡើយ ដរាបណាមិនមានការត្រួតពិនិត្យ និងអនុញ្ញាតពីគណៈកម្មការត្រួតពិនិត្យខ្លឹមសារ និងពីច្បាប់ដែលបានកំណត់។
សារាចរឲ្យដឹងទៀតថាចំពោះគ្រឹះស្ថានណាដែលបើកបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាល ត្រូវតែគោរពតាមអនុក្រឹត្យលេខ២១អនក្រ.បក ស្ដីពីការបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាល។ ចំពោះបុគ្គលណាដែលប្រព្រឹត្ដល្មើសចំណុចណែនាំទាំងនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ស្ដីពីការអប់រំត្រង់មាត្រា៤៦ និងមាត្រា៥៣។
ការចេញសារាចររបស់ក្រសួងអប់រំ បន្ទាប់ពីក្រសួងបានកត់សម្គាល់ឃើញថាគ្រឹះស្ថានអប់រំមួយចំនួនមិនបានគោរពខ្ជាប់ឡើយចំពោះការណែនាំពីមុនមករបស់ក្រសួងស្ដីពីការបើកឯកទេសថ្មី ដេប៉ាតឺម៉ង់ថ្មី មហាវិទ្យាល័យថ្មី ថ្នាក់ថ្មី សាខាថ្មី ការផ្សព្វផ្សាយព័ត៌មានពាណិជ្ជកម្មសិក្សា និងការជ្រើសរើសនិស្សិតឲ្យចូលរៀន។
គួរបញ្ជាក់ថាបើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនទាំងអស់នៅកម្ពុជាមានប្រមាណ១០០៕
0 comments:
Post a Comment