ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ម៉ោង ១៦:៤១
ខេត្តសៀមរាប ៖ សមត្ថកិច្ចចំរុះដែលដឹកនាំដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបរថយន្តដឹកឈើប្រណីតប្រភេទធ្នង់ខុសច្បាប់ចំនួន២គ្រឿងមានចំនួន៤.៩៣៤ម៉ែត្រគូប យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជីក្រែង និងអ្នកបើកបរម្នាក់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
ការបង្ក្រាបបទល្មើសព្រៃឈើនេះធ្វើឡើងនៅវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី១១ កុម្ភៈ ២០១៥ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិថ្លុកស្មាញ់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ។ លោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៣ កុម្ភៈនេះថា កម្លាំងសមត្ថកិច្ចចំរុះរួមមានរដ្ឋបាលព្រៃឈើ, អាវុធហត្ថស្រុក, នគរបាល ដែលដឹកនាំផ្ទាល់ដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាបរថយន្តដឹកឈើប្រណីតប្រភេទធ្នង់ខុសច្បាប់ចំនួន២គ្រឿង ដកហូតឈើធ្នង់បាន២រថយន្ត។
លោកបន្តថា រថយន្តទី១-មានឈើធ្នង់ចំនួន៤៧ដុំស្មើនឹង១,២៤៨ម៉ែត្រគូប និងរថយន្តទី២-ឈើធ្នង់ចំនួន៨៦ដុំស្មើនឹង៣,៦៨៦ម៉ែត្រគូប សរុបចំនួន៤,៩៣៤ម៉ែត្រគូប ។ លោកបន្ថែមថា វត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចប្រមូលយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើជីកក្រែង។




0 comments:
Post a Comment