Tuesday, February 3, 2015

ការ​ទទួលទាន​ប៉ោម​1​ផ្លែ​ក្នុង​1​ថ្ងៃ​ជួយ​ដល់​សុខភាព​បេះដូង​មនុស្ស​វ័យ​ចំណាស់

ប្រភពមកពី កោះសន្តិភាព
វេជ្ជបណ្ឌិត Adam Briggs សមាជិក​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ថ្លែង​ថា​៖«​មាន​ពាក្យស្លោក​មួយ​ឃ្លា​ដែល​គេ​តែង​សូត្រ​ទន្ទេញ​ចាំ​មាត់​នោះ​គឺ​ទទួលទាន​ប៉ោម​១​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ឃ្លាតឆ្ងាយ​ពី​គ្រូពេទ្យ ។ ឃ្លា​នេះ​គឺ​គ្រាន់តែ​ចង់​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ដ៏​តូច​មួយ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​របប​អាហារ ។ ទាំង​របប​អាហារ​និង​ទាំង​ថ្នាំពេទ្យ​គឺ​ពិតជា​អាច​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ពិតប្រាកដ​មួយ​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​បេះដូង​និង​ដាច់​សរសៃឈាម​ខួរក្បាល​»​។
ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Oxford University ចក្រភព​អង់គ្លេស​បាន​អះអាង​ថា ទទួលទាន​ប៉ោម​១​ផ្លែ​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ឱ្យ​បុគ្គល​ដែល​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ​គេច​ផុត​ពី​ជំងឺ​គាំងបេះដូង និង​ថា វា​អាច​មាន​ប្រសិទ្ធភាព​ស្មើនឹង​ពពួក​ឱសថ​បញ្ចុះ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ផង​ដែរ ។
លោក​វេជ្ជបណ្ឌិត Briggs​បាន​បន្ថែម​ថា ៖
«​ខណៈ​បច្ចុប្បន្ន​នេះ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឱ្យ​ទទួលទាន​ផ្លែ​ប៉ោម​ជំនួស​ថ្នាំ​បញ្ចុះ​ខ្លាញ់  ប៉ុន្តែ យើង​ទាំងអស់​គ្នា អាច​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ស្មើ​ៗ​គ្នា​ដោយ​គ្រាន់តែ​បង្កើន​ការ​ទទួលទាន​ផ្លែ​ឈើ​និង​បន្លែ »​។
ដោយឡែក យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​ក​វិញ​បាន​បញ្ជាក់​ថា ការ​ទទួលទាន​ផ្លែ​ប៉ោម​អាច​ជួយ​កែ​លំអ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ព្រមទាំង​បញ្ចុះទម្ងន់ ។ ការ​សិក្សា​ដែល​ចេញផ្សាយ​កាល​ឆ្នាំ​កន្លង​ទៅ​នោះ បាន​អះអាង​ថា ស្ត្រី​ដែល​ទទួលទាន​ប៉ោម​ស្ងួត​៧៥​ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​រយៈពេល​៦​ខែ​ឃើញ​ថា កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​( LDL Cholesterol)​ធ្លាក់​ចុះ​ដល់​ជិត​១/៤ ។ ចំណែក​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ដែល​មាន​នាទី​ជួយ​ការពារ​សរសៃឈាម (HDL Cholesterol)​បាន​កើនឡើង​ប្រហែលជា​៤​ភាគរយ ។ ឯ​កម្រិត​សមាសធាតុ​ផ្សេង​ៗ​ទៀត​ដែល​ធ្វើ​ឱ្យ​កើត​ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏​បាន​ធ្លាក់​ចុះ​ក្នុង​ចំនួន​ដូច​គ្នា​ផង​ដែរ ។
សម្រាប់​ផ្លែ​ប៉ោម​ស្រស់​វិញ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ខាងលើ​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​បញ្ជាក់​ថា គេ​គួរ​ទទួលទាន​ឱ្យ​បាន​៤​ផ្លែ​ក្នុង​១​ថ្ងៃ ។ 
វេជ្ជបណ្ឌិត Bahram Arjimandi​មក​ពី​សាកលវិទ្យាល័យ Florida State University​សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា ខ្លួន​លោក​មិន​បាន​រំពឹង​ថា ការ​ទទួលទាន​ផ្លែ​ប៉ោម​អាច​ជួយ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​បែប​នេះ​សោះ ហើយ​ថា លទ្ធផល​នេះ​ធ្វើ​ឱ្យ​លោក​ស្ទើរតែ​មិន​ជឿ ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន វេជ្ជបណ្ឌិត Arjimandi​បញ្ជាក់​ថា​៖«​មនុស្ស​គ្រប់​គ្នា​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ទទួលទាន​ផ្លែ​ប៉ោម​» ៕
Share:

0 comments:

Post a Comment

Blog Archive

Blogger templates