
បាល់ទាត់៖ ក្រុមកំពូលតារាង Real Madrid បានខាតបង់ពិន្ទុនៅក្នុងផ្ទះខ្លួន បន្ទាប់ពីស្មើគ្នា 1-1 ជាមួយក្រុមភ្ញៀវ Villarreal ក្នុងសប្តាហ៍ទី 25 នៃក្របខណ្ឌអេស្ប៉ាញ La Liga។
គួអោយភ្ញាក់ផ្អើលក្រុមភ្ញៀវបានដាក់សំពាធលើម្ចាស់ផ្ទះ និងស្ទើរតែនាំមុខបានសំរេចនៅនាទីទី 12 តែអ្នកចាំទី Iker Casillas ជួយបាន។ លុះចូលវគ្គទីពីរម្ចាស់ផ្ទះក៏នាំមុខបានសំរេចដោយ បាល់ 11 ម៉ែត្ររបស់ Cristiano Ronaldo នៅនាទីទី 52។ តែការនាំមុខនេះបានតែ 12 នាទី ក្រុមភ្ញៀវ Villarreal ក៏តាម ស្មើវិញដោយ Gerard Moreno នាទីទី 64។ ចប់ការប្រកួត Real Madrid បានត្រឹមមួយពិន្ទុនៅក្នុងផ្ទះតែបន្តនាំមុខគេ ក្នុងតារាងមាន 61 ពិន្ទុ។ ខណៈដែល Real Madrid ខាតបង់ពិន្ទុនោះ ក្រុមប្រជែង Barcelona មិនបណ្ដោយអោយឱកាសដេញពិន្ទុនេះ រំលងផុតឡើយដោយយកឈ្នះម្ចាស់ផ្ទះ Grenada 3-1។ កីឡាករក្រូអាត Ivan Rakitic ជាអ្នករកគ្រាប់នាំមុខមុនអោយ Barcelona នៅនាទីទី 25។ ចូលវគ្គទីពីរនាទីទី 48 Ivan Rakitic បញ្ជូនអោយ Luis Suarez ស៊ុតគ្រាប់ទីពីរនាំមុខលើ ម្ចាស់ផ្ទះ។ តែ Grenada ក៏មានសង្ឃឹមបន្តិចមកវិញនៅពេលទទួលបានបាល់ 11 ម៉ែត្រស៊ុតតាមពីក្រោយ 1-2 នាទីទី 53 ដោយ Fran Rico។ តែនាទីទី 70 Lionel Messi ក៏ធ្វើអោយប្រាកដបីពិន្ទុសំរាប់ Barcelona ធ្វើអោយនៅពេលនេះ Barcelona ដេញពីក្រោយ Real Madrid តែពីរពិន្ទុប៉ុណ្ណោះ។
គូចុងក្រោយនេះក្រុមការពារតំណែងជើងឯក Atletico Madrid ធ្វើដំណើរទៅផ្ទះក្រុមខ្លាំង Sevilla បញ្ចប់ដោយលទ្ធផលគ្មានក្រុមស៊ុតបញ្ចូលទី 0-0។ លទ្ធផលស្មើនេះធ្វើអោយ Atletico Madrid បន្តឈរលេខបីមាន 54 ពិន្ទុដេញ ពីរក្រោយ Barcelona 5 ពិន្ទុ និង ដេញពីក្រោយ Real Madrid 7 ពិន្ទុ។ ចំណែក Sevilla នៅលេខប្រាំមាន 46 ពិន្ទុ ពិបាកក្នុងការប្រជែងតំណែង Champions League ឆ្នាំក្រោយ ពោលគឺចាញ់ពិន្ទុក្រុមលេខបួន Valencia ដល់ទៅ 7 ពិន្ទុ បន្ទាប់ពី Valencia ឈ្នះ Real Sociedad 2-0 យប់ម៉ិញ៕
0 comments:
Post a Comment