ប្រភពមកពី កោះសន្តិភាព
ខេត្តកំពង់ចាម៖មន្ត្រីឃុំជាលាចំនួន៣នាក់នៃស្រុកបាធាយ ខេត្តកំពង់ចាមបានរងការប្តឹងពីប្រជាពលរដ្ឋខ្លួនឯងថាបានប្រើអំណាចគៀបសង្កត់និងរំលោភទៅលើសិទ្ធប្រជាពលរដ្ឋដោយជួលរថយន្តដឹកដីមកចាក់នៅមុខច្រកចេញចូលមុខផ្ទះប្រជាពលរដ្ឋចំនួន៣ថ្ងៃកន្លងមកហើយ ។
ក្នុងពាក្យបណ្តឹងប្រជាពលរដ្ឋជាជនរងគ្រោះឈ្មោះឡី សុខហាននិងឈ្មោះសៀង លក្ខិណាគ្រោងដាក់ទៅអភិបាលស្រុកបាធាយបានបញ្ជាក់ថា១ឈ្មោះគុជ ឈឿនបច្ចុប្បន្នមុខងារជាជំទប់ទី១ឃុំជាលា ២ឈ្មោះប៉ៅ ភីមុខងារជាមេភូមិនិងឈ្មោះសៀម វឿនមានមុខងារបញ្ជាបេសកម្មជាអ្នកសមគំនិតប្រព្រឹត្តទង្វើខាងលើ ។យ៉ាងនោះប្រជាពលរដ្ឋបានចោទមន្ត្រីទាំង៣នាក់នោះបន្ថែមទៀតថាបានបង្វែរឿងនេះថាគ្រួសារជនរងគ្រោះជាអ្នករំលោភយកដីសាធារណៈទៅវិញ ។
ជនរងគ្រោះបានបញ្ជាក់ទៀតថាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥មន្ត្រី៣នាក់ខាងលើបានចេញមុខបកស្រាយនៅចំពោះមុខជនរងគ្រោះ ខណៈពេលដែលរថយន្តដឹកដីមកចាក់បិទផ្លូវចេញចូលផ្ទះរបស់ពួកគាត់ ដោយនិយាយថាអ្នកភូមិជាអ្នកឲ្យចាក់ដីនេះ ។ ជាមួយគ្នានោះជនរងគ្រោះមិនអនុញាត្តឲ្យចាក់បិទផ្លូវចេញចូលបន្តទៅទៀត ព្រោះតែរឿងហាមឃាត់នេះធ្វើឲ្យមន្ត្រីទាំង៣នាក់បានបង្វែសាច់រឿងទៅប្រាប់អ្នកភូមិថាគ្រួសារជនរងគ្រោះជាអ្នករំលោភយកដីសាធារណៈទៅវិញ ។ ជាហេតុធ្វើឲ្យអ្នកភូមិយល់ច្រឡំមកលើជនរងគ្រោះ ហើយនាំគ្នាមកឡោមព័ទ្ឋផ្ទះ ។
ព្រោះតែការយល់ច្រឡំក្រុមគ្រួសារជនរងគ្រោះបានពន្យល់ទៅអ្នកភូមិច្បាស់លាស់ថាពុំបានហាមឃាត់ ឬរំលោភដីចំណីផ្លូវជាសម្បត្តិសាធារណៈយកមកធ្វើជាកម្មសិទ្ឋខ្លួននោះទេ ដោយគ្រាន់តែហាមឃាត់មិនឲ្យរថយន្តចាក់ដីបិទផ្លូវចេញចូលមុខផ្ទះប៉ុណ្ណោះ ទើបអ្នកភូមិត្រឡប់ទៅផ្ទះវិញ ។
ជុំវិញករណីខាងលើមេឃុំជាលាបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថាការចាក់ដីលុបស្រះនៅមុខផ្ទះជនរងគ្រោះខាងលើគឺក្នុងបំណងសង់សាលាបុណ្យសម្រាប់អ្នកភូមិ ហើយថវិការសម្រាប់ជួលរថយន្តដឹកដីចាក់លុបស្រះ ក៏បានការរៃអង្គាសពីអ្នកភូមិនេះផងដែរ ។ជាមួយគ្នានោះមេឃុំរូបនេះបានបដិសេធចំពោះពាក្យចចាមអារាមថាការចាក់លុបដីស្រះនេះក្នុងគោលបំណងពុំមែនធ្វើសាលាបុណ្យនោះទេ គឺធ្វើស្ថានីយ៍ប្រេងសាំងរបស់ឈ្មួញដែលអាជ្ញាធរបានលួចលក់ទៅឲ្យឈ្មួញ ។
ចំណែកឯលោកប៉ៅ ភីនិងឈ្មោះសៀម វឿនកោះសន្តិភាពមិនអាចសុំការបំភ្លឺជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើនេះទេ ។ប៉ុន្តែលោកគុជ ឈឿនអតីតមេឃុំជាលាបែរជាមានវិញ្ញាបនប័ត្រជាម្ចាស់អចលនវត្ថុលើដីស្រះខាងលើនេះទៅវិញ ហើយបច្ចុប្បន្នជាជំទប់ទី១ឃុំដែលរងការចោទប្រកាន់បានប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី២២ ខែមីនា នេះថាលោកគ្រាន់តែកាន់កាប់ដីស្រះនេះជាដីរួមរបស់អ្នកភូមិប៉ុណ្ណោះ ។ហើយកន្លងមកអ្នកភូមិបាននាំគ្នាប្រើប្រាស់ទឹកនៅក្នុងស្រះខាងលើនេះ ។ទោះបែបណាលោកបានបដិសេធដាច់អហង្កាថាមិនបានលក់ដីនេះទៅឲ្យឈ្មួញណាម្នាក់នោះទេហើយការចាក់ដីលុបស្រះនេះ គឺបំណងធ្វើសាលាបុណ្យសម្រាប់អ្នកភូមិទាំងអស់គ្នា ។
ចំពោះការចាក់ដីបិទផ្លូវប្រជាពលរដ្ឋទាំងមេឃុំនិងជំទប់ឃុំ ដែលរងការចោទប្រកាន់ រួមទាំងសេព្វប៉ុស្តិ៍រដ្ឋបាលប៉ូលិសជាលា បានរុញដាក់គ្នាទៅវិញទៅមក ខណៈពេលដែលអ្នកកាសែតសួររឿងនេះដោយម្នាក់ៗនិយាយស្រដៀងៗគ្នាថាមកពីប្រជាពលរដ្ឋបានប្រើអំពើហិង្សានិងបានយកដុំដីគប់និងវាយរថយន្តពេលគេចូលចាក់ដី ។ចំណែកឯប្រជាពលរដ្ឋវិញបានឆ្លើយតបវិញថាគាត់គ្រាន់តែយកដុំដីគប់ទៅលើរថយន្តចាក់ដី ខណៈនៅរឹងទទឹងចាក់ដីបិទផ្លូវមុខផ្ទះរបស់គាត់ ។
គួរបញ្ជាក់ថាអ្នកភូមិបានអះអាងថាបើសិនស្រះទឹកនេះទៅថ្ងៃមុខក្លាយទៅជាស្ថាននីយ៍ប្រេង វិញមិនធ្វើជាសាលាបុណ្យសម្រាប់អ្នកភូមិទេ ។អ្នកភូមិនិងតវ៉ាប្រឆាំងនិងអាជ្ញាធរជាក់ជាមិនខាន ៕
