
ខេត្តកណ្តាល: លំនៅដ្ឋានប្រជាពលរដ្ឋជិត២០ខ្នងបានរងនូវការខូចខាតប៉ើងដំបូលល្បើកជញ្ជាំង ទ្រេតស្ទើរតែដួលរលំ និងអគារចាស់ទ្រុឌទ្រោមដែលមានទំហ៊ំ៧ម៉ត្រ គុណនិង១០ម៉ែត្រស្ថិតក្នុង កងឯកភាពយោធាភិរម្យ បានដួលរលំដោយ ឥទ្ធិពលខ្យល់កន្ត្រាក់បោកបក់កាលពីវេលា ម៉ោង៦ល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥ នៅស្រុកពញាឮ និង ស្រុកអង្គស្នួល ។
គ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងនេះបានកើតនៅក្នុងភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និង ឃុំផ្សារដែល ស្រុកពញាឮ ខេត្តកណ្តាល ។
យោងតាមការបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តនគរបាលកណ្ដាល បានឲ្យដឹងថា នៅវេលាល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥ នៅក្នុងភូមិសាស្ត្រឃុំបែកចាន ស្រុកអង្គស្នួល និងឃុំផ្សារដែល ស្រុកពញាឮ មានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នងប៉ើងដំបូល និងអគារមួយខ្នងទំហ៊ំ៧ម៉ែត្រគុណនឹង១០មែត្រដួលរលំ ។
ក្នុងហេតុការណ៍នេះដែរមិនបានបណ្ដាលមានមនុស្សណាម្នាក់រងរបួសឫក៏ស្លាប់បាត់បង់ជីវិតនោះទេ ដោយឡែកសត្វចិញ្ចឹមនៅក្នុងផ្ទះក៏ពុំមានគ្រោះថ្នាក់អ្វីឡើយ ពោលគឺបានត្រឹមតែធ្វើឲ្យអគាររបស់កងឯកភាពសិល្បៈយោធាភិរម្យ ដែលមានសភាពចាស់ទ្រុឌទ្រោមជាង២០ឆ្នាំ ដួលរលំ និងប៉ើងដំបូលផ្ទះចំនួន១៩ខ្នងប៉ុណ្ណោះ ។
លោកវរសេនីយ៍ទោ ដួង តេង អធិការនគរបាលស្រុកពញាឮបានបញ្ជាក់ថា បន្ទាប់ពីកើតមានករណីគ្រោះធម្មជាតិបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋរស់នៅក្នុងឃុំផ្សារដែល ស្រុកពញាឮ រងការខូចខាតដោយប៉ើងដំបូលរួចមក ក្រុមការងារចុះជួយមូលដ្ឋានស្រុកពញាឮ បាននាំយកអំណោយមួយចំនួនរួមមាន អង្ករ១បាវ ស្មើនឹង៥០គីឡូក្រាម និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ ដើម្បីជួយសម្រួលដល់ការលំបាកខ្លះៗ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គ្រាដែលពួកគាត់រងគ្រោះដោយសារខ្យល់កន្ត្រាក់ប៉ើងដំបូលផ្ទះសំបែង ៕

0 comments:
Post a Comment