Friday, April 3, 2015

ឈើ​ប្រណិត​ចំនួន​៩​ដុំ​ដែល​ឈ្មួញ​ដឹក​បន្លំ​ធ្វើ​ជា​គ្រែ​ ​ទៅ​លក់​នៅ​ភ្នំពេញ​​ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​

ប្រភពមកពី bayontv
002

កំពង់ឆ្នាំង៖ ឈើ​ប្រណិត​​ប្រភេទ​ធ្នង់​ចំនួន​៩​ដុំ​ធំ​ៗ​ដែល​ពួក​ឈ្មួញ​បន្លំ​ជា​គ្រែ​ដឹក​តាម​រថយន្ត​ទូរីសមួយ​គ្រឿង ​ពី​ស្រុក​ភ្នំ​ក្រវ៉ាញ​យក​ទៅ​លក់​នៅ​ភ្នំពេញ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់​បាន​។​ ករណី​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នេះ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​មេសា​ ឆ្នាំ​២០១៥​ លើ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​ទួល​ក្រឡាញ់​ សង្កាត់​កំពង់​ឆ្នាំង ​ក្រុង​កំពង់​ឆ្នាំង​។​

    លោក ​ជិន សុផាត នាយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ បាន​និយាយ​អោយ​ដឹង​ថា​ រថយន្ត​ទូរីស​ដឹក​ឈើ​ប្រណិត​នោះ​ពាក់​ស្លាកលេខ​ ភ្នំពេញ​2V-0756 ពណ៌​ទឹក​ប្រាក់ ​បើកបរ​ដោយ​ឈ្មោះ ​ណាក់ ​ប៊ុន​ថេត​  អាយុ​៣២​ឆ្នាំ ​រស់នៅ​ភូមិ​ទួល​គ្រួស​ ឃុំ​ចំរើន​ផល ​ស្រុក​សំពៅ​មាស​ ខេត្ត​ពោធិ៍សាត់ ​មុខ​របរ​បើក​រថយន្ត​តាក់​ស៊ី​។​ នៅ​ក្នុង​រថយន្ត​នេះ​ពេល​ស្ទាក់​ចាប់​បាន​សមត្ថកិច្ច​ពិនិត្យ​ឃើញ​មាន​ឈើ​ប្រណិត​ប្រភេទ​ធ្នង់​ចំនួន​៩ដុំ ​ដែល​ក្នុង​នោះមា​ន​៦​ដុំ​ស្តើង​ៗ ​ត្រូវ​បាន​គេ​បិត​ភ្ជាប់​គ្នា​ធ្វើ​ជា​ដុំ​ធំ​ៗ​បន្លំ​ធ្វើ​ជា​ក្តា​ងឿ​រ ​និងឃើញ​មាន​ជើង​គ្រែ​២​ផ្ទាំង​ដែល​មិន​ទាន់​កែ​ច្នៃ​រួច​នៅ​ឡើយ​។

    លោក ​ជិត សុផាត បាន​ពន្យល់​អោយ​ដឹង​ថា​ ការ​បិត​ដុំ​ឈើ​ស្តើង​ៗ​កម្រាស់​៥​ហ៊ុន​ភ្ជាប់​គ្នា​២ដុំ​ធ្វើ​ជា​មួយ​ដុំ​កម្រាស់​១​តឹក​នេះ ​ គឺ​ជា​ល្បិច​ថ្មី​របស់​អ្នក​រក​ស៊ី​លក់​ទិញ​ឈើ​បន្លំ​ភ្នែក​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ​គឺ​ថា​ពេល​គេ​ដឹក​ទៅ​ដល់​គោល​ដៅ ​ គឺ​គេ​គាស់​បំបែក​ឈើ​ដុំ​ដែល​បិត​ជាប់​គ្នា​នេះ​បំបែក​ជា​២​ដុំវិញ​ដើម្បី​យក​ឈើ​ប្រណិត​នោះ​ទៅ​គ្រឿង​សង្ហារឹម​ផ្សេង​ៗ​ទៀត​។

    រថយន្ត​អ្នក​បើកបរ ​និង​ឈើ​ប្រណិត​ទាំង​៩​ដុំ​នេះ​ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​បញ្ជា​អោយ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត​ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កំពង់​ឆ្នាំង​ ដើម្បី​កសាង​សំណុំ​រឿង​តាម​និតិ​វិធី​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ផាក​ពិន័យ​តាម​ផ្លូវ​ច្បាប់​។

    អ្នក​បើកបរ​រថយន្ត​តាក់​ស៊ី​ទូរីស​ដឹក​ឈើ​ប្រណិត​នេះ​បាន​និយាយ​អោយ​ដឹង​ថា​ គាត់​បាន​ទទួល​ដឹក​ឈើ​នេះ​ពី​ថៅ​កែ​ឈើ​ម្នាក់​ពី​ផ្សារ​ស្រុក​ភ្នំ​ក្រវ៉ាញ ​ទៅ​កាន់​សិប្បកម្ម​ឈើ​មួយ​កន្លែង​នៅក្នុង​ទី​ក្រុង​ភ្នំពេញ ​ក្នុង​តម្លៃ​ឈ្នួល​ដឹក​១០០​ដុល្លារ​ គាត់​មិន​ដឹង​ថា​ការ​ដឹក​ជញ្ជូន​ឈើ​បែប​នេះ​​ខុសច្បាប់​នោះ​ទេ ​អាង​ថា​គេ​ធ្វើ​ជា​គ្រែ​រួច​ហើយ​។​តែ​សមត្ថកិច្ច​ប្រាប់​ថា​ដុះ​ឈើ​ប្រណិត​នេះ ​និង​ជើងគ្រែ​នៅ​ដោយ​ឡែក​ពី​គ្នា ​មិន​អាច​ផ្គុំ​ឡើង​ជាគ្រែ​ក្តារ​ងឿរ​បាន​នោះ​ទេ​៕
Share:

0 comments:

Post a Comment

Blogger templates