Sunday, January 24, 2016
ហេតុផល5ចំណុចដែលនាំឱ្យលោកអ្នកប្រឈមខ្ពស់នឹងបញ្ហាលើសឈាម
ប្រភពមកពី kohsantepheapdaily.com.kh
ពិតណាស់ លើសឈាមមិនបានបញ្ចេញរោគសញ្ញាណាមួយនៅលើរាងកាយនោះទេ ពោលគឺរហូតដល់លោកអ្នកប្រឈមហានិភ័យខូចសរីរាង្គណាមួយទើបភ្ញាក់ខ្លួន ។ នេះជាការបញ្ជាក់របស់វេជ្ជបណ្ឌិត Richard Ward ។ តើកត្តាណាខ្លះដែលនាំឱ្យលោកអ្នកប្រឈមនឹងបញ្ហានេះ ?
១-ជាមនុស្សវ័យកណ្តាលឬវ័យចាស់ ៖ វេជ្ជបណ្ឌិត Ward បានថ្លែងប្រាប់ថា យើងបានមើលឃើញថា បញ្ហាលើសឈាមបានកើតឡើងលើមនុស្សគ្រប់វ័យ ប៉ុន្តែហានិភ័យបានចាប់បង្កើនល្បឿននៅពេលបុគ្គលណាម្នាក់ឈានដល់វ័យ៤០ឆ្នាំឡើងទៅ ។ វាដូចជាម៉ោងពេល ដែលវិលទៅមុខមិនអាចថយក្រោយបាន ។ ទោះជាយ៉ាងនេះ អ្វីដែលលោកអ្នកអាចធ្វើបានគឺត្រូវវាស់ស្ទង់ឈាមឱ្យបានទៀងទាត់ ។
២-ចាប់យករបៀបរបបរស់នៅតាមចំណូលចិត្ត ៖ ទម្លាប់រស់នៅមួយចំនួនដែលលោកអ្នកពេញចិត្តអាចជះឥទ្ធិពលអាក្រក់ដល់សុខភាព។ ប្រសិនជាលោកអ្នកប្រកបការងារដែលតម្រូវឱ្យអង្គុយមួយកន្លែងស្ទើរពេញមួយថ្ងៃ ចូលចិត្តជក់បារី និងទទួលទានអាហារប្រៃនោះ លោកអ្នកកំពុងប្រតិបត្តិខ្លួនក្លាយជាជនដែលលើសឈាមហើយ ។ រៀងរាល់សប្តាហ៍ គួរព្យាយាមធ្វើសកម្មភាពរាងកាយឱ្យបានយ៉ាងហោចណាស់១៥០នាទីបែងចែកឱ្យស្មើៗគ្នាពី៤-៥ថ្ងៃ ។ កម្រិតការទទួលទានសូដ្យូមមកត្រឹម ២៣០០មីល្លីក្រាម ឬតិចជាងនេះក្នុងមួយថ្ងៃ ។
៣-ជាបុគ្គលធាត់ខ្លាំង រាងកាយសម្បូរខ្លាញ់ ៖ ជាទូទៅបញ្ហាលើសឈាមច្រើនកើតលើបុគ្គលដែលរាងកាយធាត់ទ្រលុកទ្រលន់ និងមានខ្លាញ់ច្រើន ។ ជាងនេះទៅទៀត វារឹតតែពិសេស ប្រសិនបុគ្គលនោះមានរាងដូចផ្លែប៉ោម(តូចលើតូចក្រោម ហើយធំកណ្តាល) ។ ដើម្បីបញ្ចៀសហានិភ័យ ចូរបញ្ចុះទម្ងន់ខ្លួនក្រោយការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ។
៤-ពូជអម្បូរមានអ្នកលើសឈាម ៖ លោកអ្នកអាចប្រឈមខ្ពស់នឹងហានិភ័យ ប្រសិនក្នុងគ្រួសារមានអ្នកលើសឈាមតួយ៉ាង ឪពុកឬម្តាយជាដើម ។
៥-ជាបុគ្គលមានជំងឺរ៉ាំរ៉ៃប្រចាំកាយមួយចំនួន ៖ ប្រសិនលោកអ្នកកើតជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម លើសខ្លាញ់ ឬជំងឺក្រពេញទីរ៉ូអីុដ អីុចឹងមែននោះ លោកអ្នកក៏ជាបុគ្គលប្រឈមខ្ពស់នឹងបញ្ហាលើសឈាម ។ ថ្នាំមួយចំនួនដែលប្រើព្យាបាលជំងឺខាងដើមអាចបណ្តាលឱ្យលោកអ្នកលើសឈាមបាន ៕
http://i.kspg.co/2016/1/4ce81918-0200-456e-84b3-d20f4557c560.jpg
0 comments:
Post a Comment